ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តណែនាំដល់ជនជាតិដើមភាគតិច(ព្នង) ត្រូវចេះសាមគ្គីគ្នាក្នុងការចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ និងអភិរក្សតំបន់ទេសចរណ៍ឱ្យបានគង់វង្ស

 

  មណ្ឌលគិរី៖ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ក្នុងពិធីរៀបចំព្រឹត្តិការណ៍មហាជួបជុំប្រគំតន្ត្រីវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច(ព្នង) នៅតំបន់ទេសចរណ៍ធម្មជាតិ លែង មពិរ ស្ថិតនៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលរៀបចំដោយសហគមន៍អភិវឌ្ឍន៍ទេសចរណ៍ប៊ូស្រា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនចំការកៅស៊ូសុខហ្វីន លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងអង្គការដៃគូទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជាច្រើននាក់ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក ចាន់ រតនា អភិបាលរងខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចកាលលោកតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិច។ លោកក៏សំណូមពរដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងអស់ ត្រូវចូលរួមសាមគ្គីគ្នាក្នុងការថែរក្សាប្រពៃណី ទំនៀមទំលាប់សាសនារបស់ខ្លួន ជាពិសេសទីកន្លែងគោរពសក្ការៈបូជា និងតំបន់ទេសចរណ៍នានា ឱ្យបានគង់វង្ស ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយៗទៀត។

បន្ថែមលើនេះលោកបានជំរុញ និងលើកទឹកចិត្តដល់បងប្អូនជនជាតិដើមភាគតិច ត្រូវសហការជាមួយមន្រ្តីជំនាញក្នុងការរៀបចំកែលម្អទីតាំងនៅតំបន់ទេសចរណ៍នេះ ក៏ដូចជាតំបន់ទេសចរណ៍ដទៃទៀតឱ្យមានលក្ខណៈល្អប្រសើរ ម្យ៉ាងទៀតត្រូវចេះកែឆ្នៃសម្ភារៈ និងផលិតផលនានា ដែលជារបស់ជនជាតិដើមភាគតិច ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកចូលរួមទស្សនានៅតាមតំបន់ទេសចរណ៍នានាកាន់តែច្រើនឡើង។ ទន្ទឹមនឹងនេះ លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងចិញ្ចឹមសត្វ ដាដុះដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពរស់នៅមានលក្ខណៈសមរម្យ។

តំណាងសហគមន៍អភិវឌ្ឍន៍ទេសចរណ៍ប៊ូស្រាបានឱ្យដឹងថា គោលបំណង នៃការរៀបចំព្រឹត្តិការណ៍មហាជួបជុំ ប្រគំតន្ត្រី វប្បធម៌ប្រពៃណីជនជាតិដើម ព្នង នៅតំបន់ទេសចរណ៍ធម្មជាតិ លែង មពិរ ស្ថិតនៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ទី១. ដើម្បីគៀងគររកថវិកាសម្រាប់អភិរក្ស និងអភិវឌ្ឍន៍ តំបន់ទេសចរណ៍នេះបន្តទៀត។ ២.ដើម្បីផ្សព្វផ្សាយភូមិវប្បធម៍ វប្បធម៍ប្រពៃណី និងទំនៀមទំលាប់របស់ជនជាតិដើម ព្នង ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា។ ៣. ដើម្បីផ្សព្វផ្សាយនិងបង្ហាញតំបន់ទេសចរណ៍ធនធានធម្មជាតិថ្មីរបស់សហគមន៍ទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិឱ្យបានដឹងបានស្គាល់។ ៤.ដើម្បីជំរុញ នឹងលើកទឹកចិត្តឱ្យសហគមន៍ មានសាមគ្គីភាពចូលរួមអភិរក្ស និងការអភិវឌ្ឍន៍សហគមន៍របស់ខ្លួនតាមរយៈវិស័យទេសចរណ៍ ដើម្បីកាត់បន្ថយភាពក្រីក្រ លុបបំបាត់ភាពគ្មានការងារធ្វើ និងឱ្យសហគមន៍មានការរីកចម្រើន។

នៅក្នុងពិធីនោះ ក៏មានការតាំងពិពណ៌ផលិតផលជនជាតិដើម – ការសម្តែងសិល្បះនិងរបាំប្រពៃណីជនជាតិដើម – ការប្រឡងធ្វើតេស្តរសជាតិស្រាពាងនិងសម្លរព្រូង – ចម្រៀងឆ្លងឆ្លើយនិងរាំជុំវិញភ្នក់ភ្លើង – អាហារសាមគ្គី ( ម្ហូបប្រពៃណី) – ល្បែងកម្សាន្ត ជិះជើងឬស្សី ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *