ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម២៦នាក់ និងបានរឹបអូសសម្ភារ គ្រឿងចក្រជាច្រើនគ្រឿងដែលធ្វើសកម្មភាពជីករ៉ែមាសខុសច្បាប់នៅតំបន់ឧទ្យានកន្ទុយនាគខេត្តរតនគិរី

រតនគីរី៖ កម្លាំងចម្រុះខេត្តរតនគីរីដឹកនាំដោយលោកម៉ា វិត្រ អភិបាលរងខេត្ដសម្របសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បាននាំកម្លាំងចុះទៅធ្វើការឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមបានចំនួន២៦នាក់ រួមនិងសម្ភារគ្រឿងចក្រជាច្រើនគ្រឿងសង្ស័យលួចធ្វើសកម្មភាពជីកកកាយយករ៉ែមាសខុសច្បាប់។

យុទ្ធនាកាបង្ក្រាបជនអន្តោប្រវេសន៍វៀតណាមជីកយករ៉ែមាសខុសច្បាប់នោះធ្វើឡើងកាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៤ អមដោយកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរួមនិងមន្ត្រីឧទ្យានជាតិ មន្ត្រីរ៉ែនិងថាមពលខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកតាវែងរួមនិងមន្ត្រីពាក់ព័ន្ធមួយទៀត ដោយប្រើប្រាស់អស់ពេលចំនួន៤ថ្ងៃទើបធ្វើកិច្ចការនោះបានជោគជ័យ។

រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យទាំង២៦នាក់ត្រូវបានកម្លាំងចម្រុះផ្ញើទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីសាកសួរនិងបន្តសំណុំរឿងបញ្ជូនខ្លួននិងភស្ដុតាងទៅសាលាដំបូងខេត្ត ចំណែកគ្រឿងចក្រជាច្រើនគ្រឿងដែលប្រព្រឹទ្ធបទល្មើសជីយករ៉ែមាសខុសច្បាប់នោះបានរក្សាទុកនៅនឹងកន្លែងនោះដដែល។

នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អ្នកយកព័ត៌មានយើងបានព្យាយាមសួរទៅមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតដើម្បីជួយពន្យល់ពីករណីឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមទាំង២៦នាក់នោះ តែពុំមានមន្ត្រីណាបានឆ្លើយប្រាប់នោះទេគឺគ្រាន់តែបានបញ្ជាក់ថាកំពុងធ្វើការស្រាវជ្រាវ។

ដោយឡែកលោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យឱ្យអយ្យការអមសាលាដំបូងខេត្តលោកបានប្រាប់អ្នកយកព័ត៌មានយើងថា ពាក់ព័ន្ធនិងកាឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់នោះ គឺមន្ត្រីប៉ូលីសអន្ដោប្រវេសន៍កំពុងបន្ដសាកសួរដើម្បីបង្កសំណុំរឿងចាត់ការតាមនិតិវិធីហើយ។

ពាក់ព័ន្ធក្នុងរឿងជនជាតិវៀតណាមចំនួន២៦នាក់នេះដែរ ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួនបានទទួចសុំឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថានមេត្តាបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅផង ព្រោះថាជនអន្តោប្រវេសន៍ទាំងអស់នោះបើគ្មានការឃុំឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីស្នាក់ការ បរិស្ថាននោះទេ ពួកគេក៍មិនហ៊ាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលព្រៃឧទ្យានជាតិ និងធ្វើសកម្មភាពកាយយករ៉ែជាច្រើនថ្ងៃខែបានរលូនបែបដែរ៕

ចំពោះករណីខាងលើនេះអង្គភាពខ្មែរឦសានយើងខ្ញុំនៅតែរង់ចាំមើលចំណាត់ការលើជនជាតិវៀតណាមទាំង២៦នេះថា តើមានចំណាត់ការបែបណា? ហើយអង្គភាពយើងខ្ញុំនៅតែរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការ។

Leave a Reply

Your email address will not be published. Required fields are marked *